Raksmey Neakmeas

មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

 

កំពង់ចាម៖មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងមូលដ្ឋាន។


ពិធីនេះត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងលោក អឿន សុធាលី អភិបាលរងស្រុកកងមាស ព្រមទាំងមានការចូលរួមពីលោកនាយក លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ១៣០០នាក់។

លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន បានថ្លែងថា យុទ្ធនាការជំហានទី២នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវ។


លោកស្រីប្រធានមន្ទីរ បានគូសបញ្ជាក់ថា ការចេញដំណើរយុទ្ធនាការជំហានទី២នេះ គឺជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។


នាឱកាសនោះដែរ លោកស្រី សម ផល្លា ក៏បានដាស់តឿនដល់សិស្សានុសិស្ស សូមចូលរួមទប់ស្កាត់ និងកុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ ។ ប្រសិនបើឃើញករណីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលគ្មានប្រភពច្បាស់លាស់ សូមផ្ទៀងផ្ទាត់ព័ត៌មាន ដែលមានប្រភពផ្លូវការជាមុនសិន៕

 











ប្រភព៖មន្ទីរព័ត៌មានខេត្តកំពង់ចាម

 

Previous Post Next Post