កិច្ចប្រជុំបង្កើតក្រុមការងាររៀបចំចងក្រងកម្រងរូបភាព និងផលិតវីដេអូឯកសារអំពី សកម្មភាពថ្នាក់ដឹកនាំ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម
ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងាររៀបចំចងក្រងកម្រងរូបភាព និងផលិតវីដេអូឯកសារអំពី សកម្មភាពថ្នាក់ដឹកនាំ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមការងារនេះ គឺជា ក្រុមការងារស្នូល របស់ខេត្ត ដែលជួយឱ្យរដ្ឋបាលខេត្តមានមូលដ្ឋានច្បាស់លាស់ និងភស្តុតាងក្នុងការបង្ហាញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត។ ដើម្បីធានាបាននូវការរៀបចំចងក្រងកម្រងរូបភាព និងផលិតវីដេអូឯកសារអំពីសកម្មភាពថ្នាក់ដឹកនាំ និង ការអភិវឌ្ឍក្នុងខេត្តកំពង់ចាមឱ្យមានប្រសិទ្ធភាព និងមានលក្ខណៈវិទ្យាសាស្ត្រ ដែលជាប្រយោជន៍ដល់ការងារ រដ្ឋបាលខេត្ត ក្រុមការងារមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
១.ត្រូវតាមដានជាប់ជាប្រចាំនូវកម្មវិធីការងាររបស់ថ្នាក់ខេត្ត ចាត់តាំងអ្នកចុះផ្តិតយករូបភាព និង វីដេអូសកម្មភាពជាក់ស្តែងរបស់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត។
២.តាមដានកត់ត្រានូវប្រសាសន៍សំខាន់ៗ គោលការណ៍ដឹកនាំ និងការសម្រេចចិត្តក្នុងកិច្ចប្រជុំនានា ដើម្បីប្រើប្រាស់ជាអត្ថបទអមជាមួយរូបភាព។
៣.បែងចែករូបភាព និងវីដេអូទៅតាមប្រភេទវិស័យ (ដូចជា៖ សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, កសិកម្ម ឧស្សាហកម្ម សកម្មភាពផ្សេងៗ។ល។)
៤.រៀបចំប្រព័ន្ធរក្សាទុកឯកសារ ដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួល ក្នុងការស្វែងរកតាមរយៈ Keywords ឬកាលបរិច្ឆេទ។
៥.ចងក្រងសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ ជាវីដេអូខ្លីៗ ដើម្បីបង្ហាញពីវឌ្ឍនភាព ការងារ និងការអភិវឌ្ឍរបស់ខេត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល។
៦.ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ពិនិត្យភាពត្រឹមត្រូវតាមឋានានុក្រម ឈ្មោះថ្នាក់ដឹកនាំ និងខ្លឹមសារព័ត៌មាន មុននឹងបញ្ជូនទៅរក្សាទុកជាឯកសារផ្លូវការ។
៧.ការពារ និងរក្សាការសម្ងាត់នូវរូបភាព ឬឯកសារវីដេអូដែលមិនទាន់អនុញ្ញាតឱ្យផ្សព្វផ្សាយជាសាធារណៈ ផ្តល់រូបភាព និងព័ត៌មានស្តីពីសកម្មភាពថ្នាក់ដឹកនាំជូនមន្ទីរព័ត៌មានខេត្ត ដើម្បី ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ។
៨.រៀបចំឯកសាររូបភាពជូនតាមការស្នើសុំពីក្រសួង ឬស្ថាប័នពាក់ព័ន្ធសម្រាប់ការងារផ្សេងៗ៕








0 Comments:
Post a Comment