Raksmey Neakmeas

អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន ប្រទេសចិន

ខេត្តកំពង់ចាម៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ប្រតិភូខេត្តកំពង់ចាម ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច នៃសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត។



កិច្ចប្រជុំនេះផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ដែលបានបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) កន្លងមក ព្រមទាំងស្វែងរកកាលានុវត្តភាព និងផលប្រយោជន៍ជាក់ស្តែងពីវិស័យរដ្ឋ និងឯកជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិភាក្សាអំពីការសម្របសម្រួលជាមួយភាគីខេត្តហៃណាន ការកំណត់កាលវិភាគជួបពិភាក្សា និងការរៀបចំសមាសភាពប្រតិភូ ដែលរួមមានថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងវិស័យឯកជន ព្រមទាំងការកំណត់ប្រធានបទ និងសំណើសហប្រតិបត្តិការដែលត្រូវលើកយកទៅពិភាក្សា។

ជាមួយគ្នានេះ អង្គប្រជុំបានយកចិត្តទុកដាក់លើការកែលម្អការសម្របសម្រួល និងការរៀបចំពិធីការឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងបញ្ហាប្រឈមដែលធ្លាប់កើតមានកន្លងមក និងធានាឱ្យដំណើរទស្សនកិច្ចលើកនេះសម្រេចបាននូវជំនួបផ្លូវការរវាងថ្នាក់ដឹកនាំខេត្តទាំងពីរ ព្រមទាំងនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍខេត្តកំពង់ចាម។

ប្រភព៖មន្ទីព័ត៌មានខេត្តកំពង់ចាម











Previous Post Next Post